តើអ្នកដឹងថាយកអ្វីហើយឬនៅ?
ប្រហែលជាអ្នកពិបាកឆ្លើយណាស់ហើយមើលទៅ ព្រោះថានៅផ្ទះរបស់អ្នកមានរបស់មានតំលៃច្រើន អ្នកប្រាកដជាចង់យកវាទាំងអស់ ជាមិនខាន។ អ្នកខ្លះគេមិនឆ្លើយនឹងសំណួរនេះទេ តែគេបែរជាសួរសំណួរនេះទៅកាន់អ្នកដែលសួរនោះវិញ៖ ចុះលោកវិញតើលោកនឹងយកអ្វីប្រសិនបើផ្ទះដ៏ស្អាតរបស់លោកឆេះ ហើយលោកមានពេលតែ៥វិនាទី?
ខ្ញុំនឹងមិនឆ្លើយនឹងសំណួរនេះទេ តែសូមឲ្យអ្នកអាន ពិចារណាលើឧទាហរណ៍បីខាងក្រោម ដែលមាន ១ករណីគឺជាឧទាហរណ៍ដែលដកស្រង់ចេញពីរឿងកុនបរទេស ព្រោះថាវាមានន័យគួរឲ្យយើងយកមកពិចារណា ហើយពីរករណីទៀតបានកើតទ្បើងថ្មីៗនេះ ហើយវាជារឿងពិតទៀតផង៖
ករណីទី មួយ ដកស្រង់ចេញពីរឿង "Leap Year" រឿងនេះត្រូវបានគេថតនៅប្រទេស Ireland ហើយវាក៏ជារឿងបែបមនោសញ្ចេតនាមួយដែរ។ រឿងនេះមានដំណើររឿងវែងឆ្ងាយណាស់តែ ខ្ញុំសូមលើកយកតែចំណុចដែលទាក់ទងនឹងភ្លើងឆេះផ្ទះមកនិយាយតែ ប៉ុណ្ណោះ។ តួអង្គស្រីឈ្មោះ Anna នឹងត្រូវរៀបការជាមួយគូរស្នេហ៍របស់នាង នៅយប់មួយនៅក្នុផ្ទះរបស់សង្សាររបស់នាង តែនៅយប់នោះឯងនាងមានអារម្មណ៍ថា សង្សាររបស់នាងមិនស្រលាញ់នាងដូចជាបុរសម្នាក់ទៀតដែលនាងបានជួប នៅប្រទេស Ireland នោះទេ។ ដោយនឹក ចាំសំដីរបស់ បុរសចម្លែកដែលបានជួប និងជួយនាងនៅប្រទេស Irelandនាងក៏យកវាមកប្រើ។ សំដីនោះគឺជាសំណួរដែលសួរថា៖ ប្រសិនបើផ្ទះរបស់អ្នកមានភ្លើងឆេះ ហើយអ្នកមានពេលតែ ៥វិនាទីតើអ្នកនឹងយកអ្វីទៅជាមួយអ្នក?
អ្នកនាង Anna ក៏បានទៅចុច ប៊ូតុងសម្រាប់ប្រកាសភាពអាសន្នថាមានភ្លើងឆេះផ្ទះ តែសង្សាររបស់នាងមិនបានមករកនាងទេ ផ្ទុយទៅវិញ សង្សារនាងបានទៅប្រមូលទូរសព្ទ Laptop ដែលមានឯកសារសំខាន់ៗទៅវិញ។ ដោយសារតែនាងគិតថា របស់ទាំងនោះមានតំលៃជាងរូបនាង ដូចនេះនាងក៏ចាកចេញពីផ្ទះនោះ ហើយជិះយន្តហោះទៅប្រទេស Ireland ទៅជួបនឹងបុរសចម្លែកដែលបានជួយនាងកាលពីលើកមុន។ បើអ្នកចង់ដឹងច្បាស់អ្នកអាចរកទិញរឿងនេះមើលដោយខ្លួនឯងបាន។ករណីទី ពីរ គឺផ្ទះដែលអ្នកនាង Kate Winslet ស្នាក់អាស្រ័យមានភ្លើងឆេះដោយសារតែរន្ទះបាញ់ កាលពីម្សិលមិញនេះ។ អ្នកប្រហែលជាស្គាល់តារាសំដែងស្រីម្នាក់នេះហើយ ព្រោះថាគាត់ជាតួរឯកក្នុងរឿង កាប៉ាល់ទីតានិក ហើយក៏ជាអ្នកទទួលបានពានរង្វាន់Oscar ផងដែរ។ ពេលដែលដឹងថាមានភ្លើងឆេះភ្លាមអ្នកនាង Winslet ក៏ប្រញាប់ទៅជួយសង្គ្រោះ ម្តាយរបស់លោក Sir Richard Bransonដែលមានអាយុ ៩០ឆ្នាំទៅហើយ។ របស់ផ្សេងៗអាចទិញបាន តែអាយុជីវិតមនុស្សមិនអាចទិញបានទេ។ អ្នកនាងWinslet ធ្វើបែបនេះពិតជាត្រឹមត្រូវណាស់។
ករណីទីបី វាជាហេតុការណ៍មួយដែលមិនគួរឲ្យកើតមានទេ ព្រោះថាភ្លើងឆេះផ្ទះបានសម្លាប់ជីវិតក្មេងស្រីម្នាក់។ ហេតុការណ៍នេះបានកើតទ្បើងនៅប្រទេសយើង នៅស្ទឹងមានជ័យ កាលពីម្សិលមិញនេះ។ នារីនោះប្រហែលជាអាចរួចខ្លួនពីភ្លើងឆេះនោះប្រសិនបើនាងរត់ គេច។ តើបើតាមអ្នកនៅទីនោះ (ព័ត៌មានមិនច្បាស់ការ) ថាក្មេងស្រីនោះបានព្យាយាមទំលាក់កាបូបលុយឲ្យម្តាយរបស់នាង ដោយសារតែចំណាយពេលរកកាបូបនេះហើយ ទើបធ្វើឲ្យហូសពេលក្នុងការរត់គេចបែបនេះ ដូចនេះការសម្រេចចិត្តរបស់យើងម្នាក់ៗពិតជាសំខាន់ណាស់។ មនុស្សយើងពិតជាអត់ចិត្តមែន ពេលភ្លើងឆេះតិចៗ ម្នាក់ៗគិតតែពីផលប្រយោជន៍ខ្លួន មិនបានគិតដល់អាយុជីវិតរបស់ក្មេងស្រីម្នាក់នេះទេ។ បើមានអ្នកទ្បើងទៅជួយនាងនោះពិតជាអាចជួយបានជាមិនខាន តែដោយសារតែ គេយកពេល ៥វិនាទីរបស់គេទៅយករបស់មានតំលៃរៀងៗខ្លួនទើបមិនមាន ពេលជួយអ្នកដទៃបែបនេះ។ ការសែតភ្នំពេញប៉ុស្តិ៍ថានាងដេកលក់ ហើយលោតពីលើផ្ទះគ្រេចជើង តែមិនបាននិយាយពីរឿងកាបូបលុយនោះទេ។
តែអ្វីដែលសំខាន់នោះគឺ ៥វិនាទីនៃការសម្រេចចិត្តរបស់អ្នក គឺមានសារៈសំខាន់ណាស់។ សូមអ្នកសម្រេចវាដោយខ្លួនឯងចុះ។






0 comments:
Post a Comment
Welcome To 4khmerarchitect Website