ការ​ប្រកួត​ប្រជែង​ផ្នែក​ស្ថាបត្យកម្ម​នៃ​និស្សិត​កម្ពុជា

ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ផ្នែក​គំនិត​ ស្ថាបត្យកម្ម ដោយ​អញ្ជើញ​និស្សិត​ស្ថាបត្យកម្ម​ឆ្នាំ​ចុង​ក្រោយ​ពី​សាកលវិទ្យាល័យ​នានា ឲ្យ​មក​បញ្ចេញ​យោបល់​ដោយ​សេរី តាម​រយៈ​ប្រធានបទ​ប្លែកៗ។

៨-សីហា-២០១១ ៖ ស្នាដៃ​ផ្នែក​គំនិត​ស្ថាបត្យកម្ម​របស់​និស្សិត​ខ្មែរ ដែល​ទទួល​បាន​ជ័យ​លាភី​លេខ ១ ក្នុង​ការ​ប្រកួត។

ប្រធាន​បទ​សម្រាប់​ឆ្នាំ​២០០៩​គឺ «ឧទ្យាន​សិល្បៈ​ក្នុង​ក្ដី​ស្រមៃ» ឆ្នាំ​២០១០ «លំនៅឋាន​ក្នុង​ក្ដី​ស្រមៃ» ហើយ​និស្សិត​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆ្នាំ​នេះ​ត្រូវ​គិត​ស្រមើស្រមៃ ​លើ​ប្រធានបទ «សារមន្ទីរ​សិល្បៈ​សហ​សម័យ» សម្រាប់​រាជធានី​ភ្នំពេញ ។
លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១១ តែ​ការ​តាំង​ពិព័រណ៍​ស្នាដៃ​ទាំង​អស់​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១ ហើយ​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ន័រតុន (Norton) ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១​ស្ទួន បាន​ទៅ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​លឹមកុកវីង។
និស្សិត​នៃ​សាកលវិទ្យាល័យ​លឹមកុកវីង និង​ជា​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ ១ ស្ទួន កញ្ញា សុខ មួយហ្គេច ថ្លែង​ថា កញ្ញា​និង​ដៃ​គូ​របស់​កញ្ញា​បាន​ខិតខំ​គិត​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ ស្ថាបត្យកម្ម​និង​សិល្បៈ​បុរាណ​ខ្មែរ​គួប​ផ្សំ​នឹង​ស្ថាបត្យកម្ម​សម័យ​ទំនើប ហើយ​ក៏​មាន​ការ​ផ្ដល់​គំនិត​និង​ការ​ជួយ​ជ្រោមជ្រែង​ពី​សាស្ត្រាចារ្យ​ព្រម​ ទាំង​មិត្តភ័ក្ដិ​របស់​កញ្ញា​ផង ទើប​ទទួល​បាន​ជោគជ័យ​យ៉ាង​នេះ។
កញ្ញា សុខ មួយហ្គេច បាន​ឲ្យ​ដឹង​បន្ថែម​ថា មជ្ឈមណ្ឌល​វប្បធម៌​បារាំង​បាន​ផ្ដល់​ដល់​បេក្ខជន​បេក្ខនារី​នូវ​ប្រាក់​ សម្រាប់​សម្ភារៈ​ក្នុង​ការ​ប្រកួតប្រជែង ហើយ​ថា ជោគជ័យ​ដែល​ក្រុម​របស់​កញ្ញា​ទទួល​បាន គឺ​ជា​ទុន​ដ៏​សំខាន់​សម្រាប់​អនាគត។
លោក ឡាំ សុខលី ជា​ដៃ​គូ​និង​ជា​មិត្ត​រួម​ថ្នាក់​របស់ កញ្ញា សុខ មួយហ្គេច សម្ដែង​សេចក្ដី​រំភើប​ចំពោះ​ជោគជ័យ​ដែល​ទទួល​បាន។
សារមន្ទីរ​សិល្បៈ​សហ​សម័យ​សម្រាប់​រាជធានី​ភ្នំពេញ គឺ​ជា​កន្លែង​ដែល​មាន​អគារ​មួយ ឬ​ច្រើន។ ចំនួន​អាគារ​និង​ចំនួន​ជាន់​របស់​អគារ​គឺ​អ្នក​ចូលរួម​ប្រកួត​ជា​អ្នក​ សម្រេច។
សារមន្ទីរ​សិល្បៈ​សហ​សម័យ​សម្រាប់​រាជធានី​ភ្នំពេញ​មាន​ទីតាំង​នៅ​មាត់​ ទន្លេសាប ដោយ​ឈរ​លើ​បណ្ដោយ​អ័ក្ស​ត្រង់ ដែល​រត់​ពី​ស្ថានីយ​រថភ្លើង​កាត់​តាម​ផ្សារ​រាត្រី​ទៅ​មាត់​ទន្លេសាប។ សារមន្ទីរ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីធ្លា​ដែល​មាន​បណ្ដោយ ១០០ ម៉ែត្រ និង​ទទឹង ៣០ ម៉ែត្រ។ បេក្ខជន​ក៏​មាន​លទ្ធភាព​សង់​អគារ​នៅ​លើ​ច្រាំង​ទន្លេ បាន ៦ ម៉ែត្រ​ទៀត​ដែរ ដោយ​ប្រើ​សសរ​ខ្ពស់ៗ៕

ដកស្រង់ចេញពី​ ​វិទ្យុ​អាស៊ីសេរី

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum