ផ្ទះកន្តាំង

ដកស្រង់ចេញពីៈ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

រូបទី១
ផ្ទះកន្តាំងដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅសសរជើងរាង (រូបទី១& ទី២)។ លំនាំផ្ទះប្រភេទនេះមានជាយូរណាស់មកហើយ ដូចដែលយើងអាចឃើញនៅតាមចម្លាក់ផ្សេងៗ ដូចជានៅតាមថែវប្រាសាទបាយ័នជាដើម(រូបទី៣)។ ផ្ទះរបៀបនេះបើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល ផ្ទះរោងឌឿង ឬផ្ទះប៉ិត វាមានលក្ខណៈងាយសាងសង់ជាងគេ។
រូបទី២

ថ្វីត្បិតែមើលពីក្រៅហាក់ដូចជាសមញ្ញក្តី តាមពិតទៅគេមានវិធីរៀបចំខាងក្នុងឲ្យមានរបៀបរបបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត។ ឧទាហរណ៍តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិដាន នោះគឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ(រូបទី៤)។ ផ្ទះប្រភេទនេះអ្នស្រុកនៅតាមដងទន្លេធំដែលជាប់ខ្សែស្រឡាយចិន(កូនកាត់ចិន)និយមសង់ច្រើន ជាពិសេសនៅខេត្តកំពង់ចាម និងក្រចេះ។ ផ្ទះនេះអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួលកាលនៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ ត្បិតពុំមែនសម្រាប់នៅ ទទឹងក៏តូចហើយនៅចំកណ្តាលទទឹងផ្ទះ ឯជញ្ជាំងបិទបាំងក៏គ្មាន។ គេហៅថាហោណាំងវិញ(រូបទី៥)។
រូបទី៣
រូបទី៤
ម្យ៉ាងទៀត ផ្ទះកន្តាំងអាចមាន «ស្លាប» ចេញពីប៉ែកខាងក្រោយនៃហោជាង។ ជាទូទៅគេហៅថា «កន្តាំងស្លាប» តែអ្នកស្រុកខ្លះហៅថា «បាក់ណុក(មានន័យថាស្លាបបក្សី)»។ ស្លាបនេះអាចការពារថ្ងៃ ឬភ្លៀងបន្តិចបន្តួចបាន។ ឯកម្ពស់ផ្ទះមានខ្ពស់ទាបច្រើនបែបច្រើនយ៉ាង អាស្រ័យទៅតាមស្ថានភាពដី(រូទី៦-៨) ប៉ុន្តែបើសង់ផ្ទះផ្ទាល់នឹងដីគេហៅថា «ផ្ទះតៀម» (រូបទី៩)។
រូបទី៥
រូបទី៦
រចនាសម្ព័ន្ធផ្ទះកន្តាំងសាមញ្ញជាងរចនាសម្ព័ន្ធប្រភេទផ្ទះផ្សេងៗ។ គ្រឿងឈើឬសម្ភារៈល្មមៗ អាចធ្វើបាន ដូច្នោះហើយ បានជាគេឃើញថា ផ្ទះប្រភេទនេះសម្បូរជាងគេនៅប្រទេសកម្ពុជា។ ពិសេសសម័យបច្ចុប្បន្ននេះ ដែលឈើកាន់តែខ្សត់ទៅៗ។ ទោះជាផ្ទះធ្វើពីស្លឹកក៏អាចធ្វើជាផ្ទះកន្តាំងបានដែរ មិនតែប៉ុណ្ណោះអាចថែមថយបំបែកតទៅទៀតបានដូចបានបង្ហាញជូនក្នុងរូបទី១០ជាឧទាហរណ៍ស្រាប់។
រូបទី៧
រូបទី៨
រូបទី៩
រូបទី១០

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum