អាង​ហែលទឹក​​ផ្តល់​ភាព​សុខសាន្ត​ដល់​ការ​រស់នៅ



កាលពីមុន​មនុស្ស​ភាគច្រើន​តែងតែ​នាំ​គ្នា​អួត​ពី​ សម្ភារៈ​ប្រើប្រាស់​ដូចជា​រថយន្ត​ទំនើបៗ ម៉ាក​ឡិច​ស៊ី​ស ឡង់​គ្រីស័រ រួមជាមួយ​ម៉ូតូ​ស៊េរី​ថ្មី​ទំនើប ទាន់សម័យ និង​ទូរស័ព្ទ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួកគេ​ចាប់ផ្តើម ងាក​មក​រក​ការ​បង្អួត គ្នា​ពី​គេហដ្ឋាន​ដែលមាន អាងទឹក​វិញ ម្តង​។ គេហដ្ឋាន ដែល​មាន​អាង​ទឹកជា​គេហដ្ឋាន ដែល​មាន​សោភ័ណភាព​ជាងគេ ផ្តល់​ភាព សុខសាន្ត​ដល់​ក្រុមគ្រួសារ និង​បង្កលក្ខណ​ងាយស្រួល​ក្នុង​ការរស់នៅ​ហើយ ព្រមទាំង បង្កើត​អោយ​មាន​បរិយាកាស ជាមួយ​សម្រស់​សួនច្បារ​ប្រកបដោយ សិល្បៈ​ធម្មជាតិ​ពិត​។​
លោក សេង វត្ថា ម្ចាស់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​មួយ​បាន​មាន​ចំណាប់​អារម្មណ៍​ទៅលើ​ការ​ បង្អួត​គ្នា​ពី​អាង​ហែល​ទឹក​ដូចនេះ​ថា “​ការរស់នៅ មាន​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន ធ្វើអោយ​ជីវិត​រស់​រវើក មើល​ទៅ​ហ៊ឺហារ សង្ហារ​ដូចជា អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចង់ អោយ​អ្នក​ដ៏​ទៃ​ស្ងើចសរសើរ​ថា​ខ្លួន​ជា​មនុស្ស​ឆ្លាត​ពូកែ​ជាង​គេ​។​
អាង​ហែល​ទឹក​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​របស់​ពួកគេ ដូចជា ពួកគេ​មិន​បាច់​ចំណាយ​ពេលវេលា​ទៅ​សមុទ្រ ដើម្បី​លំហែរ​កាយ​ហែល​ទឹក​កំសាន្ត​សប្បាយ​នោះទេ គឺ​ពួកគេ​គ្រាន់តែ​ចេញពី​ក្នុងផ្ទះ ហើយ​ចុះ​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​របស់ខ្លួន​ជា​ការ​ស្រេច​។ អាង​ហែល​ទឹក​ផ្តល់​ភាព​ត្រជាក់ ត្រ​ជុំ និង ចម្រុងចម្រើន​ដល់​គេហដ្ឋាន​។​
សម្រស់​គេហដ្ឋាន​ក៏​ជា​ការទាក់ទាញ​អារម្មណ៍​មនុស្ស​ដ៏​ទៃ​ទៀត អោយ ងាក​មើល​មិន​អាច​ខាន​បាន ព្រោះ​គេហដ្ឋាន​ប្លែក​ស្អាត​ជាងគេ និង​ជា​ពិសេស នៅក្នុង​បរិវេណ​ដី​ក្នុង​គេហដ្ឋាន មាន​អាង​ហែល​ទឹក​ជាមួយ មាន​ទឹកថ្លា ដូច​កញ្ចក់​អាច​ឆ្លុះ​មុខ​បាន ទីធ្លា​ធំ​ទូលាយ​ជាមួយ​សួនច្បារ​ដែល​មាន​ការ​រ​ច​នា​ឡើង ប្រកប​ដោយ​សិល្បៈ​លាយឡំ​ចំរុះ​ពណ៌ បញ្ចេញ​ក្លិនក្រអូប គួរ​អោយ​ចង់​គយគន់​។​
លោក​សេង វត្ថា​បាន​និយាយ​ពី​ផ្ទះ​ដែល​គ្មាន​អាង​ហែល​ទឹក​ថា “​មាន​សភាព​សោះកក្រោះ ដូច​ភូមិគ្រឹះ​ធំ​ទូលាយ​អត់​មនុស្ស​រស់​នៅ​។ គេហដ្ឋាន ស្អាត​មាន​សួនច្បារ តែ​គ្មាន​អាង​ហែល​ទឹក​ជា​បញ្ហា​ធ្វើ​អោយ​ការរស់នៅ​ខ្វះ ភាព​អ៊ូរ​អរ​ស្រស់ស្រាយ​។ ជុំវិញ​ការសង់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​របស់ លោក​ព្រហ្ម ផេង ម្ចាស់​អាង ហែល​ទឹក​និយាយថា​”​ខ្ញុំ​ធ្វើ​អាង​ហែល​ទឹក​ទៅ​តាម ក្បួន​ហុងស៊ុយ ព្រមទាំង​ធ្វើ​យ៉ាងណា​អោយ​វា​ជួយ​បង្កើន​សោភ័ណ​ផ្ទះ និង ផ្តល់​ផា​សុខភាព​ដល់​ក្រុមគ្រួសារ​ខ្ញុំ​។ ជាក់ស្តែង​គេហដ្ឋាន​ដូចជា​ផ្ទះ​វីឡា​មុន នឹង​សាងសង់​គេ​តែងតែ​មើល​ក្បួន​ហុងស៊ុយ​ដើម្បី​ជៀសវាង​ការសាងសង់​ខុស​ក្បួន​ ដែល​ធ្វើអោយ ការរស់នៅ​មិនបាន​សុខ​សប្បាយ​។ អាង​ហែល​ទឹក​មិន ត្រឹមតែ​នាំមក​នូវ​សេចក្តីសុខ​នោះទេ វា​ថែម​ជួយ​លើក សម្រស់​គេហដ្ឋាន ថែម​មួយ​កម្រិត និង​ជា​ពិសេស​ជាងនេះទៅទៀត វា​ជួយ​ផ្នែក​សុខភាព​ផងដែរ ព្រោះ​ការ​ហាត់ប្រាណ​ហែល​ទឹក ជួយ​ដល់ សរីរាង្គកាយ​យើង អោយមាន ភាពរឹងមាំ​។​
ចំណែកឯ​លោក​ព្រហ្ម ផេង ម្ចាស់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​មួយ​ផ្សេងទៀត​បាន​និយាយថា អាង​ហែល​ទឹក​អាចជួយ​បន្ធូរបន្ថយ​នូវ​អារម្មណ៍​តានតឹង បាន​។ គាត់ និង​ក្រុម​គ្រួសារ​តែងតែ​ហែល​ទឹក​ជា​រៀង​រាល់​សប្តាហ៍ មាន​រហូត ដល់​២​ឬ​៣​ដង​ក្នុង​១​សប្តាហ៍​ឯណោះ​។ លោក​ផេង​និយាយថា “​តាំងពី​គាត់​ធ្វើ អាង​ហែល​ទឹក​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ពោល​គឺ​ការរស់នៅ​ចេះ តែមាន​សេចក្តីសុខ​រហូត​។​
លោក​សេង រតនៈ ប្រធាន​ក្រុមហ៊ុន​ស្ថាបនា​អាង​ហែល​ទឹក​រហាត់​ខ្មែរ បាន​ពន្យល់ថា គោលបំណង​ក្នុង​ការធ្វើ​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​គឺ ទី​១៖ ដើម្បី​រក​ប្រាក់ចំណូល​បាន​ច្រើន ព្រោះ​ផ្ទះ​មាន​តម្លៃ​ខ្ពស់​ចំពោះ​ការលក់ និង​ជួល​អោយ​អតិថិជន ទី​២៖ លើក​សោភ័ណភាព​គេហដ្ឋាន​អោយ​កាន់តែ មាន​សភាព​ស្រស់ស្អាត និង​ទី​៣៖ ធ្វើអោយ​មាន​សុខភាព​ល្អ​។ គេហដ្ឋាន​ដែល មាន​អាង​ហែល​ទឹក​អាច​រក​អតិថិជន​ងាយស្រួល​ជាង គេហដ្ឋាន​ដែល​គ្មាន អាង​ហែល​ទឹក​ហើយ​តម្លៃ​នៃ​ការជួល​ក៏​វា​ថ្លៃ​ដែរ​។ អ្វី​ដែល​អាង​ហែល​ទឹក​ជួយ ផ្នែក​សុខភាព​នោះ គឺ​ពេលដែល​យើង​ហាត់ប្រាណ​ហែល​ទឹក​ធ្វើអោយ​សួត យើង​មាន​សុខភាព​ល្អ ងាយស្រួល​ក្នុង​ការដកដង្ហើម ជា​ពិសេស​ធ្វើអោយ សារពាង្គកាយ​ទាំងមូល​ធ្វើ​ចលនា​ងាយស្រួល និង​ធ្វើអោយ​សម្រស់​កាន់តែ ស្អាត សាច់ដុំ​រឹងមាំ​ខ្លាំង​។ បើ​តាម​ការស្រាវជ្រាវរ​បស់​លោក​កន្លងមក “​ការ​ហែល​ទឹក​គឺជា​កីឡា​ដែល​សំខាន់​ជាង​គេ​បំផុត​។​
អង្គុយ​ស្រូបយក​ខ្យល់អាកាស​នៅក្បែ​រអាង​ហែល​ទឹក​ក៏​អាច​បន្ធូរ​អារម្មណ៍ ​បាន​ដែរ​ដោយ​មិន​ចាំបាច់​ទៅ​ដល់ សមុទ្រ​នោះ​ទេ​។ លោក​និយាយ ថា​ជន​បរទេស​ចូល​ចិត្ត អាង​ហែល​ទឹក​ណាស់ ព្រោះ​ពួកគេ​ចូលចិត្ត ហាត់ប្រាណ ហែល​ទឹក រត់​កំសាន្ត​នៅ​ចុង​សប្តាហ៍ ពួកគេ​តែងតែ​ហៅ​មិត្តភក្តិ កូនចៅ​មក​ហែល​ទឹក ញ៉ាំ​អាហារ​យ៉ាង​រីករាយ​។ ម្យ៉ាង​ទៀត​ដោយ​លោក យល់ឃើញថា គេហដ្ឋាន​ដែលមាន​អាងទឹក​នោះ ជា​គេហដ្ឋាន​ដែល​ស្ថិត ក្នុង​លំដាប់​ថ្នាក់ខ្ពស់ ពួក​គេ​ចង់​បង្ហាញ​បង្អួត​គ្នា​អំពី​សម្រស់​វា​ព្រមទាំង ហៅ មិត្តភក្តិ​មក​មើល និង​ហែល​ទឹក​កំសាន្ត​។ គេហដ្ឋាន​មាន​អាង​ហែល​ទឹកស្អាត មាន​ទីធ្លា​ធំ​ទូលាយ បង្ក​ភាពសប្បាយ​រីករាយ​ដល់​ក្មេង និង​ជា​ការពិត មាន​អាង​ហែល​ទឹក​ដូចជា​មាន​ក្មេងៗ​ច្រើន​នៅក្នុង​គេហដ្ឋាន​។
ការ​រចនា​ធ្វើ អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​លោក​សេង រតនៈ​និយាយថា ការធ្វើ​អាង​ហែល ទឹក​ក្នុង​គេហដ្ឋាន​បាន​ជុំរុញ​អោយ​មាន​ការរស់នៅ​មាន​ភាពស្រស់ស្អាត និង ផាសុខភាព​។ ជុំវិញ​ការធ្វើ​អាង​ហែល​ទឹក លោក​និយាយថា យើង​អាច ជ្រើសរើស​អាង​ហែល​ទឹក ទៅ​តាម​គំរូ​ណាមួយ​ដែល​យើង​ស្រលាញ់​តាមបែប អ៊ឺរ៉ុប និង​បែប​អាស៊ី​ក៏បាន​។ សំខាន់​នៅ​ត្រង់​ថា តើ​យើង​អាច​មាន​លុយ គ្រប់គ្រាន់​ដើម្បី​សាងសង់​វា ឬ​អត់​។ មិនតែប៉ុណ្ណោះ គេ​ត្រូវ​ពិនិត្យមើល​ទំហំ​ដី ក្នុង​បរិវេណ​គេហដ្ឋាន​ដើម្បី​ដឹងថា វា​គួរ​អាច​សាងសង់​អាង​ហែល​ទឹក​ទំហំ ប៉ុណ្ណា​ទើប​ល្អ​នោះ​។ លោក​និយាយថា​មាន​លុយ​ត្រឹមតែ​១៥,០០០​ដុល្លា គឺអាច ធ្វើ​អាង​ហែល​ទឹក​ដែល​មាន​ទំហំ​៤x៨ ម៉ែត្រ និង​ជម្រៅ​ប្រហែល​មួយ​ម៉ែត​កន្លះ​ដោយមាន​បំពាក់​សម្ភារៈ​គ្រប់គ្រាន់​យ៉ាង​ សមរម្យ​។ អាង​ហែល​ទឹក មាន​ពីរ​ប្រភេទ ដែល​ទីមួយ​ជា​ប្រភេទ (Overflow)  ជា​ប្រភេទ​ទឹក​បង្ហៀរ និង ប្រភេទ​ទី​ពីរ​ហៅថា (Skimer) ជា​ប្រភេទ​អាង​ដែល​មាន​លក្ខណៈ​ទឹក​មិន​ពេញ​។ លោក​បន្ថែមថា អាង​ហែល​ទឹក​អាចមាន​ប្រភេទ​ទឹកសាប និង​ទឹកប្រៃ​។ អាង​ទឹកប្រៃ គឺ​គេ​ប្រើ​អំបិល និង​ទឹកសាប​ប្រើក្ល​រីន​។ អាង​ទាំងពីរ​នេះ មាន គុណភាព​ប្រហាក់ប្រហែលគ្នា​ក្នុង​ការជួយ​កម្ចាត់​ក្លិន កម្ចាត់​មេរោគ កម្ចាត់​ស្លែរ លើស​តែ​ម្យ៉ាង គឺ​ប្រភេទ​អំបិល គឺ​ជួយ​កម្ចាត់​មេរោគ​សើរ​ស្បែក​។ លោក​និយាយថា អាង​ហែល​ទឹក​ដែល​ល្អ​ជាងគេ គឺ​ប្រភេទ​អាង​ហែល​ទឹកប្រៃ ហើយ​បច្ចុប្បន្ន​បរទេស​ចូលចិត្ត​ប្រើ​ប្រភេទ​ទឹកប្រៃ​ខ្លាំងណាស់​។​
ការថែទាំ​អាង​ហែល​ទឹក​
លោក​កៃ សន​អ្នកថែរក្សា​អាង​ហែល​ទឹក​នៅ​តាម​គេហដ្ឋាន​បាន​និយាយថា ការថែរក្សា​អាង​ហែល​ទឹក​អោយបាន​ស្អាត​ជា​ប្រចាំ​គឺ​យើង​ត្រូវ​អនុវត្ត​តាម​ គោលការណ៍​ដូចជា សម្អាត​មួយថ្ងៃ​យ៉ាងហោច​ណាស់​ពីរដង ព្រឹក​មួយដង ល្ងាច​មួយដង និង​ត្រួត​ទឹកជា​ប្រចាំ​ដោយ​ប្រើ​បំពង់​សីតុណ្ហភាព​ដើម្បី​វាស់ កម្រិត​ជាតិ​អាស៊ី​ត ក្ល​រីន​ក្នុង​អាងទឹក​។ ប្រសិនបើ​កម្រិត​ជាតិ​អាស៊ីត​ខ្លាំង ឬ​ក្លរ ច្រើន​យើង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ក្ល​រីន ឬ​ក៏​បន្ថែម​សូ​ដា តែ​បើ​ខ្វះ​យើង បន្ថែម​ក្ល​រីន​ក្នុង​ទឹក​។ លោក​និយាយថា ចំពោះ​អាង​ហែល​ទឹក គេ​គួរតែ​ច្រោះ​វា យ៉ាងហោចណាស់ ៨​ម៉ោង​ក្នុង​មួយថ្ងៃ និង​មាន​ការប្តូរ​ទឹក​លាង​ធុង​ច្រោះ​មួយ ឬ​ក៏​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ ធ្វើបែបនេះ វា​នឹង​ធ្វើអោយ​ទឹកថ្លា​ស្រស់ស្អាត និង​ធ្វើអោយ​ម៉ាស៊ីន​ទឹក​ដំណើរការ​ល្អ​ជា​ប្រចាំ​។ ពេល​ទឹក​មាន​ការប្រែប្រួល វា​អាច​ទៅ​ជា​ខូច​បាន ដូច្នេះ​យើង​គួរតែ​យកចិត្តទុកដាក់​រក​វិធីសាស្ត្រ​ធ្វើ​យ៉ាង ណា​អោយ​ទឹកស្អាត​ដូចដើម​វិញ ដូច​ជា​យើង​ត្រូវដាក់​ក្លរ​បន្ថែម ឬ​ចាក់​អាស៊ី​ត ចូល​ទឹក​ដើម្បី​កាត់​ជាតិ​ស្លែរ ឬ​ក៏​ប្រើ​ថ្នាំ​ស្លែរ និង​បន្ថែម​ការ​ច្រោះ​អោយ​កាន់តែ​យូរ ច្រើនជាង​៨​ម៉ោង​ក្នុង​មួយថ្ងៃ ធ្វើ​បែបនេះ​ទើប​មាន​ប្រសិទ្ធិភាព​៕​

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum